គន្លឹះ១៦ យ៉ាងដើម្បីបង្រៀនកុមារតូចឲ្យចេះធ្វើការងារដោយខ្លួនឯង

គន្លឹះ១៦ យ៉ាងដើម្បីបង្រៀនកុមារតូចឲ្យចេះធ្វើការងារដោយខ្លួនឯង

កុមារអាយុ៣ទៅ៤ឆ្នាំ ត្រូវការជំនួយយ៉ាងច្រើនពីឪពុកម្តាយ ប៉ុន្តែអ្នកជំនាញកុមារតូចយល់ស្របគ្នាថាជាធម្មតាកុមារអាចធ្វើអ្វីៗច្រើនជាងយើងគិតទៅទៀត។ ចូរដើរចូលទៅក្នុងសាលាមតេ្តយ្យណាមួយក៏ដោយ អ្នកនឹងឃើញកុមារអង្គុយយ៉ាងស្ងាត់ស្ងៀមជារង្វង់ តម្រង់ជួរ លើដៃឆ្លើយសំណួរ ចែកនំគ្នាញុំា។ល។ ខាងក្រោមនេះគឺជាវិធីលើកទឹកចិត្តកុមារឲ្យចេះធ្វើអ្វីៗដោយខ្លួនឯងប្រកបដោយការពេញចិត្ត។ សំណួរសួរថា តើគ្រូធ្វើដូចម្តេចខ្លះបានជាអាចធ្វើឲ្យកុមារ១៥ ទៅ ២០នាក់ មានសកម្មភាពល្អ ដោយក្តីពេញចិត្តនិងរីករាយបំផុត? ចម្លើយមានដូចខាងក្រោម៖

 

១​. រំពឹងថាកុមារអាចធ្វើបានច្រើន៖ នៅសាលារៀនយើងរំពឹងថាកុមារអាចចាក់ទឹកញុំាដោយខ្លួនឯង យកចានទៅទុកដោយខ្លួនឯង ព្យួរអាវដោយខ្លួនឯង ហើយជាក់ស្តែងកុមារអាចធ្វើបានមែន។ ដូច្នេះត្រូវមានការរំពឹងទុកខ្ពស់ដើម្បីឲ្យកុមារធ្វើបានច្រើនថែមទៀត។

២. កុំធ្វើជំនួសកុមារ​នូវអ្វីដែលកុមារអាចធ្វើខ្លួនឯងបាន៖ ទោះបីជាយើងធ្វើខ្លួនឯងលឿនជាងនិងល្អជាងកុមារធ្វើក្តី មិនអាចធ្វើឲ្យកុមារពេញចិត្តបានទេ។ ត្រូវធ្វើឲ្យកុមារមានមោទនភាពលើខ្លួនឯង។ រាល់ពេលចង់ឲ្យកុមារពាក់អាវ អង្គុយញុំាបាយ ។ល។ គួរសួរទៅកុមារថា “កូនឲ្យប៉ា/ម៉ាក់ជួយទេ ឬកូនអាចធ្វើខ្លួនឯងបាន?” សំណួរនេះមានឥទ្ធិពលខ្លាំងណាស់ ពីព្រោះកុមារតែងតែចង់ធ្វើដោយខ្លួនឯង។

 

 

៣. កុំធ្វើឡើងវិញនូវអ្វីដែលកុមារបានធ្វើរួចហើយ៖ ឧទាហរណ៍ថាកូនអ្នកបានរៀបចំកន្លែងគេងហើយ ចូរកុំទៅតម្រែតម្រង់ឬធ្វើអ្វីទៀតឲ្យសោះ។ ប្រសិនបើគាត់ស្លៀកខោឆ្នូតនិងពាក់អាវពងជីងចក់ គួរសរសើរថា “អូរស្ទីលនេះស្អាតណាស់ ពណ៌ទាំងពីរនឹងសមគ្នាតែម្តង”។ ដូច្នេះ ប្រសិនបើមិនចាំបាច់បំផុតទេ កុំកែតម្រូវនូវអ្វីដែលគាត់បានធ្វើ ពីព្រោះកុមារនឹងកត់ចំណាំអំពីកំហុសរបស់ខ្លួនហើយបាក់ទឹកចិត្ត។

៤. អនុញ្ញាតឲ្យកុមារដោះស្រាយបញ្ហាដោយខ្លួនឯង៖ ប្រសិនបើកូនអ្នកព្យាយាមបង្កើតរបស់អ្វីមួយ ឬមួយចង់យករបស់អ្វីមួយនៅលើធ្នើខ្ពស់ដែលគាត់អាចឈោងដល់ប្រសិនបើគាត់ឈរលើកៅអី អ្នកមិនគួរជួយយករបស់នោះឲ្យគាត់ទេ។ ប្រសិនបើមានសុវត្ថិភាព អ្នកគួរទុកឱកាសនោះឲ្យគាត់ដោះស្រាយបញ្ហាដោយខ្លួនឯង នោះជាពេលដែលគាត់បង្កើតអត្តចរឹតរបស់ខ្លួន។ ជាធម្មជាតិយើងចង់ឲ្យអ្វីៗល្អអត់ខ្ចោះ ប៉ុន្តែប្រសិនបើយើងជួយគាត់គ្រប់ពេល គឺយើងដណ្តើមឱកាសរៀនសូត្រដើម្បីជោគជ័យរបស់គាត់។

៥. ដាក់កិច្ចការប្រចាំថ្ងៃឲ្យគាត់ធ្វើ៖ ការដាក់កិច្ចការប្រចាំថ្ងៃងាយៗឲ្យគាត់ធ្វើគឺជួយឲ្យគាត់មានទំនុកចិត្តនិងមានអារម្មណ៍ថាខ្លួនមាន​សមត្ថភាព។ កុមារដែលយើងអនុញ្ញាតឲ្យស្រោចផ្កាបាននិងយកខោអាវចេញពីម៉ាស៊ីនសំងួតខោអាវបាន ពិតជាអាចចាក់គ្រាប់ធញ្ញជាតិញុំាបាននិងអាចស្លៀកពាក់ខ្លួនឯងបានដែរ។ គ្រាន់តែកំណត់ថាកិច្ចការប្រចាំថ្ងៃនោះកុមារអាចធ្វើបាននិងជាការងារជាក់ស្តែងប្រចាំថ្ងៃ។ គោលបំណងគឺជួយឲ្យគាត់យល់ថាខ្លួនគាត់មានសមត្ថភាពអាចជួយកិច្ចការផ្ទះបាន។

៦.​ ចូរសរសើរកុមារ៖ ការសរសើរមានប្រសិទ្ធភាពជាពិសេសនៅពេលកុមារមិនព្រមសហការ ឬមិនព្រមចូលរួមធ្វើអ្វីមួយជាមួយអ្នក។ ត្រូវលើកពីចំណុចល្អរបស់កុមារ ពេលនោះកុមារនឹងបន្តអាកប្បកិរិយាល្អនោះទៀតហើយ។

៧. បង្កើតទម្លាប់ប្រចាំថ្ងៃ៖ កុមារសហការល្អនៅសាលាពីព្រោះគេដឹងពីទម្លាប់ការងាររបស់គេ។​ កុមារធ្វើតាមទម្លាប់ប្រចាំថ្ងៃ ដូច្នេះគេនឹងធ្វើការងាររបស់គេបានលឿន និងមិនត្រូវការរំលឹកញឹកញាប់នោះទេ។ ចូរបង្កើតទម្លាប់ងាយៗមួយចំនួន ហើយត្រូវប្រកាន់ខ្ជាប់នូវទម្លាប់នោះ។ ឧទាហរណ៍ កុមារត្រូវស្លៀកពាក់មុនញុំាអាហារពេលព្រឹក ឬលាងដៃមុនញុំា។ កុមារមិនទាន់ស្លៀកពាក់ខោអាវគេងយប់ នឹងមិនបានស្តាប់រឿងនិទានឡើយ។ ទម្លាប់ក្នុងផ្ទះទាំងនេះនឹងក្លាយជាធម្មជាតិរបស់កុមារ។

៨. ធ្វើឲ្យកុមារមានអារម្មណ៍រីករាយ៖ ប្រសិនបើកុមារមិនព្រមធ្វើអ្វីមួយ ចូរព្យាយាមប្តូរការងារនោះទៅជាល្បែង។ កំប្លែងនិងល្បែងគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព។ ប៉ុន្តែឪពុកម្តាយខ្លះបែរជាមិននឹកឃើញទៅវិញ​។ អ្នកស្រី Zebooker ធ្លាប់លួងឲ្យកូនគាត់រៀនពាក់ស្បែកជើងនៅពេលព្រឹក។ ដំបូងគាត់នាំកូនរបស់គាត់ទៅហាងលក់ស្បែកជើងនៅក្បែរផ្ទះ ហើយនិយាយថា “សូមស្វាគមន៍មកកាន់ហាងស្បែកជើងកញ្ញាម៉ាមី ខ្ញុំមានស្បែកជើងមួយគូដ៏ល្អប្រណិតសម្រាប់អ្នកពាក់សាកមើលនៅថ្ងៃនេះ។ សូមសាកមើលចុះ។”

៩. ចូរប្រាប់មុននៅពេលចង់ផ្លាស់ប្តូរសកម្មភាពអ្វីមួយ៖ ប្រសិនបើក្មេងកំពុងជក់ធ្វើអ្វីមួយ ហើយអ្នកចង់ឲ្យគាត់ប្តូរការងារនោះ (ឧ. បិទទូរទស្សន៍ ឈប់លេងហើយមកញុំាបាយ ចេញពីផ្ទះមិត្តភ័ក្រមកផ្ទះវិញ)។​ នៅឯសាលាមតេ្តយ្យ យើងប្រាប់កុមារអំពីពេលដែលត្រូវប្តូរការងារឲ្យបានមុនពេលដែលត្រូវឈប់ ដូច្នោះគាត់នឹងមាន​ពេលគ្រប់គ្រាន់ដើម្បីបង្ហើយការងារនោះ។ ប្រសិនបើអ្នកត្រូវចេញពីផ្ទះនៅម៉ោង៨ និង​៣០នាទី ត្រូវរំលឹកគាត់យ៉ាងហោចណាស់១៥ នាទីមុនចាកចេញ​។ រួចដាក់ម៉ោងរោទ៍ដើម្បីឲ្យគាត់ដឹងថាដល់ម៉ោងហើយ។

១០. ចូរប្រើរង្វាន់លើកទឹកចិត្ត៖ ប្រសិនបើកុមារធ្វើអ្វីៗដើម្បីចង់បានរង្វាន់ គាត់នឹងមិនដឹងពីមូលហេតុពិតនៃការធ្វើកិច្ចការនោះទេ។ ឧទាហរណ៍ គាត់គួរយកសម្ភារលេងរបស់គាត់ទុកដើម្បីកុំឲ្យអ្នកក្នុងផ្ទះដើរជាន់។ ប៉ុន្តែកុំផ្តល់រង្វាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាស្លៀកពាក់ ឬដុសធ្មេញ។

១១. ចូរផ្តល់ជម្រើសជាក់លាក់៖ ឧបមាថាកូនរបស់អ្នកអាយុ៣ឆ្នាំ មិនព្រមអង្គុយនៅតុបាយពេលល្ងាច អ្នកអាចផ្តល់ជម្រើសឲ្យគាត់អង្គុយនៅជិតបង្អែម​ដែលគាត់ចង់ញុំា។ មុនដំបូងគាត់ប្រហែលមិនធ្វើការសម្រេចចិត្តបានត្រឹមត្រូវទេ ប៉ុន្តែពេលណាមួយគាត់នឹងសម្រេចចិត្តត្រូវ ពីព្រោះគាត់នឹងដឹងថាពេលគាត់អង្គុយខុសកន្លែងគាត់នឹងមិនអាចចាប់យកម្ហូបដែលគាត់ចង់ញុំាទេ។ គួរចងចាំថាប្រសិបើអ្នកចង់ឲ្យគាត់យកជម្រើស “ក” ត្រូវធ្វើឲ្យជម្រើស “ខ” មិនសូវចាប់អារម្មណ៍។

១២. ចូរកុំប្រើពាក្យ”ប្រសិនបើ”៖ ចូរប្រើភាសាដែលលើកទឹកចិត្តឲ្យមានការសហការ។ ឧទាហរណ៍ ការ​និយាយថា “ប្រសិនបើកូនរៀបចំដីសនោះទុកហើយ យើងនឹងទៅលេងសួនឧទ្យាន” ហាក់ដូចជាបានសម្មត់ជាស្រេចថាកូនរបស់អ្នកនឹងមិនរៀបចំទុកដាក់ដីសទាំងនោះទេ។ ផ្ទុយទៅវិញ គួរនិយាយថា “នៅពេលកូនរៀបចំទុកដាក់ដីសទាំងនោះហើយ យើងនឹងបានទៅលេងសួនឧទ្យាន”។

១៣. ចូរចាត់ទុកការលេងជាអាទិភាព៖ អ្នកគ្រូ Haines លើកឡើងថា រៀងរាល់ថ្ងៃកុមារតូចហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំងពេល។ អ្នកមិនចាំបាច់នាំកុមារលេងនិងគ្រប់គ្រងសកម្មភាពរបស់គាត់គ្រប់ពេលវេលានោះទេ គ្រាន់តែផ្តល់របស់លេងល្អៗទៅគាត់ជាការស្រេច ដូចជាសម្លៀកបំពាក់ ពណ៌ផាត់រូប ក្រដាស ប្រអប់ ដីឥដ្ឋ ។ល។

១៤. លេងតាមភ្លេង៖ ចូរកំណត់ការងារតាមបទភ្លេង ដែលអាចធ្វើឲ្យកុមារសប្បាយបាន។ ឧទាហរណ៍ តោះស្លៀកពាក់ប្រណាំងគ្នាតាមភ្លេង តើអ្នកណាស្លៀកពាក់ហើយមុននៅពេលភ្លេងចប់?

១៥. ចូរលើកទឹកចិត្តឲ្យលេងជាក្រុម៖ ប្រសិនបើកូនរបស់អ្នកដណ្តើមរបស់លេងជាមួយកុមារផ្សេងទៀត គួរកំណត់ពេលចែកគ្នាលេង (៥ នាទី ឬ១០ នាទីម្តង)។ អាចដាក់សម្លេងរោទ៍ដើម្បីកំណត់ពេល។

១៦.​ ចូរទុកឲ្យកូនរបស់អ្នកដោះស្រាយបញ្ហាតូចៗ៖ ចូរកុំធ្វើអន្តរាគមន៍ក្នុងវិវាទតូចតាច ផ្ទុយទៅវិញគួរទុកឲ្យកុមារដោះស្រាយវិវាទនោះដោយខ្លួនឯង​ (ប្រសិនបើពួកគេមិនវាយតប់គ្នាទេ)។ ចូរចងចាំថាអ្នកនឹងមិននៅជិតគាត់ដើម្បីជួយគាត់គ្រប់ពេលនោះទេ។

Meredith Women's Network | © Copyright 2017 Meredith Corporation.

ប្រែសម្រួលដោយ សុខ​ ឧត្តរា

11 Ways to Teach Your Child to Share

គន្លឹះ១៦ យ៉ាងដើម្បីបង្រៀនកុមារតូចឲ្យចេះធ្វើការងារដោយខ្លួនឯង

តើកុមារគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ទើបសមស្របតាមលក្ខណៈវិទ្យាសាស្រ្ត?

ការបង្រៀនពីវិន័យប្រកបដោយប្រសិទ្ធភាព

គន្លឹះ ១០ យ៉ាងដើម្បីឲ្យកុមារមានសុខភាពល្អ


RECOGNIZED BY

CANADIAN CURRICULUM

ADDRESS

#558 Russian Federation Blvd (110 Street), Sangkat Kakab 1, Khan Por Senchey, Phnom Penh, Cambodia, Post Code 120912.
Tel: (+855) 95 3000 17 / 0966 3000 17
Website:ontario.edu.kh
Email: info@ontario.edu.kh
Facebook: Ontario International School

© 2021 by Ontario International School